Cheas Pet-ជាស ពេទ្យ

Cheas Pet-ជាស ពេទ្យ Education,Traveling,Information

គួររំងាប់ពៀរ ឬបង្ការកុំឱ្យមានពៀរ         ពុទ្ធភាសិតមួយបានពោលថា “ពៀររមែងរំងាប់ដោយការមិនចងពៀរ” ដែលខ្មែរយើងនិយមបកស្រាយថា “ក...
27/08/2022

គួររំងាប់ពៀរ ឬបង្ការកុំឱ្យមានពៀរ
ពុទ្ធភាសិតមួយបានពោលថា “ពៀររមែងរំងាប់ដោយការមិនចងពៀរ” ដែលខ្មែរយើងនិយមបកស្រាយថា “ការមិនចងគំនុំ គុំគួន ឬកុំតបតទៅនឹងនរណាម្នាក់ដែលមកបំពានយើង គឺជាមាគ៌ាកសាងសេចក្តីសុខ”។ តើយើងអាចធានាបានទេ ថានឹងមិនតបតនៅពេលមានគេបំពានខ្លួន? ពិតមែនហើយថាការសន្តោស រមែងទទួលបានសេចក្តីសុខផង និងបានចាកផុតពីរការចងពៀរទាំងឡាយផង។ ប៉ុន្តែក្នុងឋានៈយើងជាបុថុជ្ជនបែបនេះ តើនឹងមានផ្លូវអាចរក្សាលំនឹងចិត្តចំពោះអកុសលកម្មដែលខ្លួនបានទទួលដែរឬទេ? វាប្រហែលជាអាចធ្វើទៅរួចចំពោះករណីយតិចតួចប៉ុណ្ណោះ។ ព្រោះអ្វី? ព្រោះមនុស្សជាច្រើនតែងតែគិតថា ការមិនតបត គឺទុកដូចជាយើងបើកដៃឱ្យអ្នកដែលតែងតែបំពានគេកាន់តែបានចិត្តអ៊ីចឹង។
តាមច្បាប់កម្មផល ប្រសិនបើយើងសាបព្រោះអំពើណាមួយ យើងនឹងទទួលនូវផលនោះត្រឡប់មកវិញដូចគ្នា។ ដូច្នេះតាមផ្លូវសីលធម៌ និងតាមពុទ្ធភាសិតខាងលើ គឺមិនអាចតបតនឹងពៀរបានឡើយ។ ប៉ុន្តែនៅក្នុងសង្គមគេបានបង្កើតច្បាប់ ដើម្បីដាក់ទណ្ឌកម្មដល់បុគ្គលទាំងឡាយណាដែលប្រព្រឹត្តខុស។ ការផ្តន្ទាទោសលើបុគ្គលណាម្នាក់ទៅតាមផ្លូវច្បាប់ វាពុំមែនជាការយកពៀរទៅរំងាប់ពៀរនោះទេ តែវាគឺជាផលដែលគេសមនឹងទទួល ស្របតាមទង្វើដែលខ្លួនបានប្រព្រឹត្តនោះៗ។ ការបង្កើតច្បាប់ និងការដាក់ទណ្ឌកម្មចំពោះបុគ្គលដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ គឺជាគោលការណសកលមួយ ដែលប្រទេសនានាក្នុងលោកតែងតែអនុវត្ត។ ដូច្នេះដើម្បីចៀសវាងយកពៀរ ដោយផ្លូវច្បាប់ ឬយុត្តិធម៌។
អ្វីដែលសំខាន់ សម្រាប់ការចៀសវាងកុំឱ្យមានពៀរ យើងត្រូវត្រឡប់មកពិនិត្យមើលសកម្មភាពជាប្រចាំរបស់ខ្លួនវិញម្តង។ តាមការទូន្មានរបស់ពុទ្ធភាសិតពីខាងដើមនេះ គឺបង្រៀនឱ្យយើងចេះប្រុងប្រយ័ត្ននូវការប្រព្រឹត្តរបស់ខ្លួនឱ្យបានល្អ។ ប្រសិនបើយើងរង់ចាំកម្ចាត់ពៀរ នៅពេលដែលវាកើតឡើង គឺមានន័យថាសកម្មភាពរបស់យើងក៏បានចូលរួមចំណែកក្នុងការធ្វើឱ្យមានពៀរនោះដែរ។ ដូច្នេះ គួរផ្លាស់ប្តូរ ដោយការទូន្មានខ្លួនឯងឱ្យក្លាយជាមនុស្សសុចរិត ចេះសន្តោសប្រោសប្រណី និងចេះខ្វាល់ខ្វាយអំពីទុក្ខធុរៈអ្នកដទៃ ហើយប្រឹងប្រែងលើកស្ទួយគំនិត និងសកម្មភាពដែលបម្រើឱ្យប្រយោជន៍រួម នោះយើងនឹងមិនមានពៀរទៀតឡើយ។

ដកស្រង់​ចេញ​ពី​សៀវភៅ​៖ សត្រូវ​ទី​១

សត្រូវទី១         មនុស្សយើងកាលណាជាប់ជំពាក់ជាមួយនឹងលក្ខណសម្បត្តិបីយ៉ាងគឺ អាត្មានិយម១ ចូលចិត្តប្រើអំណាច១ និងមានអំនួត១ មិនអ...
27/08/2022

សត្រូវទី១
មនុស្សយើងកាលណាជាប់ជំពាក់ជាមួយនឹងលក្ខណសម្បត្តិបីយ៉ាងគឺ អាត្មានិយម១ ចូលចិត្តប្រើអំណាច១ និងមានអំនួត១ មិនអាចឱ្យធ្វើជាអ្នកដឹកនាំគេកើតទេ។ បានន័យថា គេមិនទាន់អាចយកឈ្នះលើខ្លួនឯង ហើយបុគ្គលដែលមិនទាន់បានយកឈ្នះលើខ្លួនឯងនឹងមិនអាចដឹកនាំគេបានឡើយ។ យោងតាមគម្ពីរភគវទ្គីតា “មនុស្សណាដែលអាចត្រួតត្រាវិញ្ញាណរបស់ខ្លួនបាន ទើបអាចឱ្យធ្វើជាអ្នកដឹកនាំ ឬគ្រប់គ្រងដែនដី”។ ប្រសិនបើមិនទាន់ឈ្នះខ្លួនឯងផង តើអាចឈ្នះសត្រូវម្តេចបាន? ដូច្នេះត្រូវទុកចំណុចខ្សោយទាំងឡាយក្នុងខ្លួនរបស់យើង ជាសត្រូវទី១ប្រចាំជីវិត។ លុះត្រាតែអាចយកឈ្នះចំណុចខ្សោយទាំងនោះរួចហើយ ទើបអាចយកឈ្នះលើរឿងឯទៀតៗបាន។ ផ្ទុយពីសត្រូវគឺជាមិត្ត ក៏ប៉ុន្តែ មិត្តសម្លាញ់ពិត គឺមិត្តសម្លាញ់ណាដែល ចេះគិតគូរដល់សុខុមាលភាពរបស់មិត្ត។ ដូច្នេះគ្រឿងរារាំងដល់ការរីកចម្រើនរបស់បុគ្គល ត្រូវចាត់ទុកជាសត្រូវទាំងអស់ ឯការជួយតម្រង់ផ្លូវទៅរកភាពរីកចម្រើន និងប្រកបដោយភាពត្រឹមត្រូវ គឺត្រូវចាត់ទុកជាមិត្តសម្លាញ់។
តាមធម្មតាមនុស្សដែលស្គាល់ពីតម្លៃនៃជីវិត តែងមិនបណ្តោយខ្លួនឱ្យប្រឡាក់ដិតដាមដោយកិលេសនោះទេ ពីព្រោះកិលេស គឺជាសត្រូវធំជាងសត្រូវណាទាំងអស់ ដែលមនុស្សយើងគ្រប់គ្នាគប្បីប្រឹងកម្ចាត់។ យើងចាត់ទុកវាជាសត្រូវ ឬជាភាពស្មោគគ្រោកក៏បានដែរ។ ដ្បិតបុគ្គលដែលមិនព្រមលះបង់វា បានត្រឹមតែធ្វើឱ្យអាប់ឱនកិត្តិយសប៉ុណ្ណោះ។ ចំពោះការទូន្មាននៅក្នុងសាសនា គេនិយាយថា “បុគ្គលដែលមិនព្រមលះបង់កិលេសនឹងមិនអាចឡើងទៅកាន់ឋានសួគ៌បានឡើយ”។ ឆាកជីវិតរបស់មនុស្សយើង គឺត្រូវតែឆ្លងកាត់កុមារភាព ទៅកាន់យុវភាព ពីយុវភាពទៅកាន់ជរាភាព រួចហើយឈានឆ្ពោះទៅដល់សេចក្តីស្លាប់ដែលជាកិច្ចចុងក្រោយបំផុត។ ដូច្នេះក្តីសប្បាយ និងទុក្ខព្រួយ ប្រៀបបីដូចជារដូវប្រាំង និងរដូវវស្សា ដែលតែងផ្លាស់ប្តូរទៅមកឥតឈប់ ហើយក៏គ្មានអ្វីទៀងទាត់ដែរ។ មែនទែនទៅសភាប្រែប្រួលទាំងអស់នេះ គឺជារឿងធម្មតារបស់ធម្មជាតិប៉ុណ្ណោះ ហើយសុខ ឬទុក្ខ បណ្តាលមកតែពីចិត្តរបស់យើងទេ។ កាលណាអាចធ្វើជាម្ចាស់លើចិត្ត ហាក់ដូចជាបានឈ្នះអស់សត្រូវនៅក្នុងជីវិត។
ច្បាប់តាំងពីបុរាណបាននិយាយថា “មានតែសេចក្តីស្លាប់ទេ ទើបអាចបញ្ចប់ភាពជាសត្រូវនឹងគ្នា”។ បានន័យថា ភាពជាសត្រូវតែងនៅជាប់ស្អិតនឹងជីវិតរបស់មនុស្សយើងគ្រប់គ្នា ដោយភាពជាសត្រូវនោះសំដៅលើគំនិតបាបកម្មទាំងឡាយ ដែលមាននៅក្នុងចិត្តរបស់យើង។ នរជនណាអាចកម្ចាត់ភាពជាសត្រូវនេះចេញពីក្នុងចិត្តបាន នោះជីវិតរបស់គេនឹងពោរពេញដោយសុភមង្គល។ នៅក្នុងលោកយើងនេះ ព្រះពុទ្ធគឺជាបុគ្គលដែលមានសុភមង្គលច្រើនជាងគេ ពីព្រោះព្រះអង្គបានសម្លាប់សត្រូវរបស់ទ្រង់មិនឱ្យសល់មួយឡើយ។ តើសត្រូវរបស់ព្រះពុទ្ធជាអ្វី? គឺលោភៈ ទោសៈ និងមោហៈ បាបធម៌ទាំងបីនេះ ត្រូវបានព្រះពុទ្ធ កម្ចាត់ចេញយ៉ាងជ្រះស្រឡះពីក្នុងសតិអារម្មណ៍របស់ទ្រង់។ មែនទែនទៅសត្រូវរបស់មនុស្សយើងគ្រប់គ្នា ក៏មានមិនខុសពីព្រះពុទ្ធនោះទេ។ ប្រសិនបើនរណាម្នាក់និយាយថា ខ្លួនមានសុភមង្គលទាំងរូបគេផ្ទាល់កំពុងមានកំហឹង និងសេចក្តីលោភលន់ នោះគ្រាន់តែជាការភាន់ច្រឡំ ឬត្រូវមោហ៍បាំងប៉ុណ្ណោះ។ គេនឹងមិនអាចចួបនូវសុភមង្គលពិតប្រាកដទេ បើមិនទាន់បានកម្ចាត់បាបធម៌ឱ្យជ្រះស្រឡះពីក្នុងចិត្ត។
សម្តេចសង្ឃ ដាឡៃឡាម៉ា មានថេរដីកាថា “ការសប្បាយចិត្ត គឺជាគុណសម្បត្តិមួយនៃសេចក្តីស្ងប់ក្នុងចិត្ត។ វាកើតចេញពីសេចក្តីករុណា ភាពស្មោះត្រង់ និងជាអ្វីដែលគេហៅថា ការប្រតិបត្តិត្រឹមត្រូវដែលជាការគោរពដល់សិទ្ធិអ្នកដទៃក្នុងការទទួលយកសេចក្តីសុខរបស់គេរៀងៗខ្លួនដែរ”។ គុណសម្បត្តិទាំងនេះលុះត្រាតែ បុគ្គលអាចយកឈ្នះលើចិត្តខ្លួនឯង ដោយការមិនបណ្តែតបណ្តោយឱ្យលុះទៅក្នុងកំហឹង ឬសេចក្តីលោភលន់ ហើយយល់ដល់សេចក្តីពិតរបស់ធម្មជាតិ ដែលស្ថិតក្នុងភាពមិនគង់វង្ស ឬមិនអចិន្រ្តៃយ៍ ទើបមិនចេះញាប់ញ័រហើយប្រព្រឹត្តខ្លួនតាមតែគន្លងធម៌ជាដរាប។ ប្រយោជន៍អ្វីដែលខ្ញុំត្រូវលើកយករឿងទាំងនេះមកនិយាយ? វាមិនមែនជារឿងថ្មីទេ ប៉ុន្តែវាជាឧទាហរណ៍មួយ ដែលត្រូវតែលើកយកមកបញ្ជាក់សម្រាប់ជាប្រយោជន៍ដល់យុវជន និងមនុស្សទូទៅក្នុងពេលបច្ចុប្បន្ននេះ។ ចរិតនៃការអប់រំរបស់អក្សរសាស្រ្ត និងសាសនា មិនសូវមានលក្ខណៈចាប់បង្ខំ ឬដាច់ខាតនោះទេ ក៏ប៉ុន្តែ វាផ្តល់ជាទីគាប់ចិត្តចំពោះតែបុគ្គលទាំងឡាយណា ដែលបដិបត្តិបានត្រឹមត្រូវប៉ុណ្ណោះ។
ការកើតមកជាមនុស្សរស់នៅក្នុងសង្គម បានភ្ជាប់ខ្លួនយើងទៅនឹងករណីយកិច្ចមួយ ដែលត្រូវតែជួយត្រលប់ទៅវិញ។ តើសង្គមជាអ្វី? គឺជាមនុស្សដែលសុទ្ធតែជាផៅពង្សរបស់យើង ហើយមិនមែនសំដៅតែលើក្រុមគ្រួសារ ឬបក្សពួករបស់យើងឡើយ។ មនុស្សដែលមិនបានកម្ចាត់សត្រូវនៅក្នុងខ្លួន នឹងមិនអាចប្រព្រឹត្តខ្លួនជាគុណប្រយោជន៍សម្រាប់សង្គមរបស់គេនោះទេ។ ផ្ទុយទៅវិញឥរិយាបថរបស់គេនឹងប្រែទៅជាគុណវិបត្តិមួយ ដែលអាចបង្កើតទៅជាជំងឺផ្សេងៗដល់សង្គមថែមទៀតផង។ ដូចខ្ញុំបានរៀបរាប់ខាងលើរួចមកហើយថា សត្រូវរបស់យើង គឺជាភាពទន់ខ្សោយដែលមាននៅក្នុងខ្លួនហើយការយកឈ្នះលើភាពទន់ខ្សោយ ប្រាកដជាជំនួសមកវិញដោយភាពខ្លាំង គឺភាពខ្លាំងនេះឯងដែលនឹងក្លាយជាចំណែកមួយដ៏ធំជួយជំរុញដល់ការរីកចម្រើនរបស់ជាតិ។ ភាពខ្សោយរបស់បុគ្គល គឺការមិនចេះទប់អារម្មណ៍ ឯភាពខ្សោយរបស់សង្គម គឺជាការមិនចេះសាមគ្គីគ្នា ភាពខ្សោយទាំងពីរនេះ គឺជាសត្រូវធំជាងគេដែលរារាំងដល់ដំណើរការរីកចម្រើនរបស់សង្គមជាតិ។ ដូច្នេះ ក្នុងឋានៈជាសមាជិកម្នាក់របស់សង្គម មិនត្រូវមើលរំលងចំពោះកិច្ចការដ៏ចាំបាច់មួយនេះឡើយ។
ខ្ញុំបានភ្ជាប់ភាពជាអ្នកដឹកនាំចូលទៅក្នុងមាគ៌នៃការកម្ចាត់ភាពជាសត្រូវនៅក្នុងខ្លួន ពីព្រោះយើងត្រូវតែដឹកនាំខ្លួនឯងទៅរកភាពឧត្តុង្គឧត្តមមួយនេះ។ អ្វីដែលសំខាន់គឺត្រូវតែធ្វើឱ្យស្របទៅតាមដំណើររបស់ធម្មជាតិ ដោយចាប់ផ្តើមពីការដឹកនាំខ្លួនឯង ឱ្យគាប់ប្រសើរ រួចទើបអាចឈានទៅដល់ការដឹកនាំអ្នកដទៃ។ សង្គមរបស់យើងកំពុងមានមនុស្សច្រើនណាស់ បានចូលរួមឈឺឆ្អាលចង់ឱ្យមានការរីកចម្រើនទៅមុខ ប៉ុន្តែវាមិនអាចក្លាយទៅជាសុឆន្ទៈបានទេ ប្រសិនបើការចូលរួមនោះភ្ជាប់ជាមួយនឹងកំហឹង។ មនុស្សយើងមានកំហឹង ពីព្រោះមិនទាន់កម្ចាត់សត្រូវនៅក្នុងខ្លួន ហើយលើសពីនេះទៅទៀត កំហឹងមិនអាចដឹកនាំបុគ្គលឆ្ពោះទៅរកផ្លូវត្រូវបានឡើយ។ កាលណាចង់ជួយឈឺឆ្អាលដល់សង្គមជាតិ តោងយើងធ្វើវាដោយភាពជ្រះស្រឡះឥតសៅហ្មងនៅក្នុងចិត្ត ហើយគិតផ្តោតទៅលើករណីយកិច្ចតែម្យ៉ាងប៉ុណ្ណោះ។ កិច្ចការដែលបំពេញដោយភាពជ្រះស្រឡះក្នុងអារម្មណ៍ តែងឱ្យផលជាទីគាប់ចិត្ត និងមិនបង្កើតឱ្យមានបាបកម្មណាមួយឡើយ។ បុគ្គលដែលបំពេញកិច្ចការងារ ដោយពុំមានភ្ជាប់កំហឹងតែងសម្លឹងឃើញដំណោះស្រាយពីគ្រប់បញ្ហាទាំងអស់ ហើយបុគ្គលដែលមានលក្ខណសម្បត្តិនេះ ទើបស័ក្តិសមធ្វើជាអ្នកដឹកនាំ។

ដកស្រង់​ចេញ​ពី​សៀវភៅ​៖ សត្រូវ​ទី​១

ជម្លោះ         ប្រវត្តិសាស្រ្តបានប្រាប់ថា មានផ្នត់ទម្លាប់ដ៏ចម្លែកមួយនៅក្នុងសង្គមខ្មែរយើង គឺការញៀននឹងការឈ្លោះគ្នា។ វាបានធ...
26/08/2022

ជម្លោះ
ប្រវត្តិសាស្រ្តបានប្រាប់ថា មានផ្នត់ទម្លាប់ដ៏ចម្លែកមួយនៅក្នុងសង្គមខ្មែរយើង គឺការញៀននឹងការឈ្លោះគ្នា។ វាបានធ្វើឱ្យអ្នកខ្លះអត់មិនបាន វិស័យដូចមនុស្សប្រមឹកតែងនឹកឃើញដល់សុរាអ៊ីចឹង។ ជារឿយៗ នៅក្នុងផ្នែកសំខាន់ៗជាច្រើននៃសង្គមមួយអន្លើដោយការងារ ការសិក្សា និងស្នេហា តែងតែមានការជះពាក្យសម្តីដាក់គ្នាទៅវិញទៅមក ហើយដ៏ច្រើន នៃពាក្យសម្តីទាំងនោះ តែងមាន បង្កប់នូវគំនិតហិង្សាទៀតផង។ ជួនកាលអ្នកទទួលបានការសិក្សាអប់រំច្រើនក៏ពិបាកនឹងការគេចឱ្យផុតពីរឿងទាំងអស់នោះខ្លាំងណាស់ ព្រោះចំណេះដឹងមិនបានខ្សឹបដាក់ត្រចៀកគេថា ការចូលចិត្តបង្កជម្លោះជារឿងអត់ប្រយោជន៍នោះទេ។ ផ្ទុយទៅវិញ គេមានតែប្រឹងក្រេបជញ្ជក់អស់កាលដ៏យូរនោះ ថាខ្លួនគឺជាអ្នកខ្លាំងខាងជជែកតវ៉ាជាងគេ។
សឹងមិនគួរឱ្យជឿ ប្រទេសដែលគោរពព្រះពុទ្ធសាសនាហើយមានអ្នកខ្លះតែងទន្ទេញ ការទូន្មានរបស់ព្រះពុទ្ធថា “ពៀរមិនដែលរំងាប់ដោយការចងពៀរសោះឡើយ” បែរជាចូលចិត្តបង្កជម្លោះនោះទេ។ ប៉ន្តែបើទុកជាពិបាកជឿយ៉ាងណាក្តី ក៏រឿងនេះវាបានកើតឡើងរួចទៅហើយ ព្រោះបើមិនដូច្នេះទេ យើងមិនមែនផ្លាស់ប្តូររបបដឹកនាំចំនួនប្រាំលើកតែក្នុងរយៈពេលកន្លះសតវត្សរ៍នោះឡើយ។ ដោយសារតែមានការបង្កជម្លោះ ទើបធ្វើឱ្យសង្គមរង្គោះរង្គើ និងនាំឱ្យមានការបែកបាក់គ្នា ឈានដល់ការផ្លាស់ប្តូរជាញឹកញាប់។ ប៉ុន្តែការផ្លាស់ប្តូរដែលកើតចេញពីជម្លោះតែងតែគ្មានស្ថិរភាព និងនាំឱ្យមានការផ្លាស់ប្តូរបន្តបន្ទាប់ទៀតឥតឈប់ឈរឡើយ។
អាប្រាហាម លីនខុន(Abraham Lincoln)ប្រធានាធិបតីដ៏ល្បីល្បាញរបស់សហរដ្ឋ អាម៉េរិក បាននិយាយថា “បុគ្គលដែលប៉ងប្រាថ្នាកែច្នៃខ្លួនឱ្យកាន់តែល្អ និងកាន់តែខ្ពង់ខ្ពស់ មិនមានពេលឡើយ សម្រាប់ចំណាយទៅលើជម្លោះផ្ទាល់ខ្លួនទាំងឡាយ”។ តាមន័យរបស់លោក មនុស្សយើងពិបាកនឹងគេចចេញពីជម្លោះឱ្យជ្រះស្រឡះខ្លាំងណាស់ ព្រោះសូម្បីតែបុគ្គលបានត្រាស់ដឹងរួចហើយក្តី ក៏នៅតែមានអ្នកទៅទ្រុស្តជាមួយមិនលែងឡើយ។ ប៉ុន្តែគប្បីរៀនទម្លាក់ចោលនូវជម្លោះទាំងឡាយណាដែលមានលក្ខណៈរវាងបុគ្គល និងបុគ្គល តែត្រូវឈ្លោះចំពោះការឈ្លានពាននៃជាតិសាសន៍ដទៃទើបប្រសើរ។
មែនហើយ! ចួនកាលយើងអាចជោគជ័យលើជម្លោះទាស់ទែងណាមួយ ដែលយើងបានធ្វើចំពោះជាតិសាសន៍ខ្លួនឯងតែក្នុងពេលដំណាលគ្នានោះ វាក៏បានធ្វើឱ្យអាប់ឱនដល់បុគ្គលិកលក្ខណៈរបស់យើងផង និងបង្ហាញពីការបាត់បង់ម្ចាស់ការលើខ្លួនឯងផង។ មែនទែនទៅ ការគេចចេញពីជម្លោះមិនមែនជារឿងដែលបុគ្គលធ្វើរួចហើយ ត្រូវសោកស្តាយនោះទេ។ ផ្ទុយទៅវិញ វាមានតែផ្តល់នូវក្តីសោមនស្សរីករាយយ៉ាងគាប់ចិត្តដល់ចិត្តយើងវិញផង។ បើកផ្លូវឱ្យឆ្កែដើរចេញ វាប្រសើរជាងត្រូវចង្កូមរបស់វាដោយសារការរារាំង ព្រោះសូម្បីបានសម្លាប់ឆ្កែនោះហើយក្តី ក៏មុខរបួសរបស់យើងមិនងាយសះស្បើយឡើយ។ សេចក្តីឧបមានេះ មានអត្ថន័យយ៉ាងណា ការបង្កជម្លោះរវាងគ្នា និងគ្នាក៏យ៉ាងនោះដែរ។

ដកស្រង់​ចេញ​ពី​សៀវភៅ​៖ សត្រូវ​ទី​១

ជំងឺដេកកណ្តាល         ខ្មែរមានជំងឺមួយចម្លែក         គឺដណ្តើមដេកចំកណ្តាល         ប្រកែកប្រកាន់មិនធូរស្រាល         ព្យាបាល...
26/08/2022

ជំងឺដេកកណ្តាល
ខ្មែរមានជំងឺមួយចម្លែក
គឺដណ្តើមដេកចំកណ្តាល
ប្រកែកប្រកាន់មិនធូរស្រាល
ព្យាបាលក៏មិនងាយជាដែរ...(គង្គ ប៊ុនឈឿន)
ខ្ញុំពុំមានអារម្មណ៍ថាចម្លែកបន្តិចសោះឡើយ ចំពោះអ្វីដែល កវី គង្គ ប៊ុន ឈឿន បានលើកឡើងខាងលើនេះ។ ឆាកជីវិតរបស់លោកបានរសាត់ឆ្លងកាត់ប្រទេសខ្មែរយើងច្រើនរបបណាស់ ដូច្នេះ លោកប្រាកដណាសំយោគចេញពីការមើលឃើញផ្ទាល់ខ្លួនទៅលើរបបនីមួយៗដែលលោកធ្លាប់បានចួប។ វាអាចជាចំណុចរួមមួយនៅក្នុងចំណោមបញ្ហាជាច្រើនទៀត ទើបលោកចាត់ទុកថាជាជំងឺរបស់ខ្មែរ។ សព្វថ្ងៃនេះ មានមនុស្សច្រើនណាស់បានទាស់ទែងខ្វែងគំនិតគ្នានៅលើគោលដៅមួយដ៏ស្រពេចស្រពិលហើយកំពុងឈានឆ្ពោះទៅរកការបែកបាក់គ្នានៅគ្រាចុងក្រោយបំផុត។ ការនិន្ទាឈ្នានីស បែរក្លាយទៅជារឿងសាមញ្ញ និងជាទីពេញនិយមរបស់មនុស្សលើចំនួនមួយដ៏ច្រើនលើសង្គម។ ផ្នត់ទម្លាប់នេះ បានលេចចេញនូវរបៀបធ្វើការងារមួយដ៏ចម្លែក គឺគេពឹងទៅលើអណ្តាតដើម្បីកសាងជាតិ។
យោងតាមការលើកឡើងរបស់ ឧកញ៉សុត្តន្តប្រីជាឥន្ទ ថា “បុគ្គលមិនគប្បីទិន្ទារិះគន់ បន្តុះបង្អាប់ ឬផ្តន្ទាពោលបង្កាច់ចំពោះជនណា ដែលធ្វើការជាប្រយោជន៍មាតុភូមិឱ្យសោះ”។ ប៉ុន្តែពាក្យពោលទូន្មាននេះ ហាក់ដូចជារសាត់ទៅឆ្ងាយហៅលែងឮ ឬជាពាក្យចម្លែកនៅក្នុងដួងព្រលឹងរបស់មនុស្សខ្មែរយើងនាពេលបច្ចុប្បន្ននេះទៅវិញ។ ការឈ្លោះប្រកែកគ្នា ពុំមែនជាអាកប្បកិរិយាមួយដែលលោកអ្នកប្រាជ្ញលើកសរសើរនោះទេ។ ផ្ទុយទៅវិញលោកមានតែទូន្មានឱ្យវៀរចាកនូវការប្រព្រឹត្តបែបនេះ ពីព្រោះវានាំឱ្យបែកបាក់មិត្តភាពផង និងធ្វើឱ្យប្រទេសជាតិកាន់តែទន់ខ្សោយផង។ ប្រសិនបើការិះគន់បន្តុះបង្អាប់អាចជួយកសាងជាតិបានប្រាកដមែន ប្រហែលជាអស់លោកអ្នកប្រាជ្ញមិនចាំបាច់បង្កើតនីតសាស្រ្តសម្រាប់អប់រំមនុស្សច្រើនបែបនេះឡើយ។
ពាក្យ “រិះគន់” ដែលសម្តេចសង្ឃរាជ ជួន ណាត បានឱ្យនិយមន័យថា “ការគន់មើល ឬរិះរកកំហុសអ្នកដទៃ” ទោះជាយកដួងចិត្តសុទិដ្ឋិនិយមទៅវិនិឆ្ឆយយ៉ាងដូចម្តេចក្តី ក៏មិនអាចទាញយកភាពវិជ្ជមានពីវាបានច្រើនឡើយ។ ព្រោះអ្វី? ព្រោះគ្រប់មនុស្ស ពុំមែនសុទ្ធតែពេញចិត្តស្តាប់ពាក្យរិះគន់ ហើយគ្រប់អ្នករិះគន់ ក៏ពុំមែនសុទ្ធតែធ្វើឡើងដោយសុឆន្ទៈ ឬចង់ឱ្យអ្នកដទៃបានប្រសើរឡើយ។ ប្រសិនបើមានអ្វីផ្សេងអាចចូលរួមជួយកែប្រែបាន គួរចាត់ទុកការរិះគន់ជាជម្រើសចុងក្រោយ ដូចក្សត្រីយ៍ចាត់ឱ្យមានការធ្វើសង្រ្គាម តែនៅក្នុងលក្ខខណ្ឌគ្មានជម្រើសប៉ុណ្ណោះ។ កាលណាបុគ្គលចូលចិត្តធ្វើអ្វីទៅតាមភាពផ្តេសផ្តាសនៃអារម្មណ៍ តែងនាំមកនូវក្តីវិនាស បាត់សិរីសួស្តី និងបាត់សេចក្តីថ្លៃថ្នរនៅក្នុងជីវិត ហើយសង្គមដែលផ្ទុកមនុស្សប្រភេទនេះ ក៏កាន់តែមានទម្ងន់ធ្ងន់ជាងមុនថែមទៀតដែរ។
ខ្មែរបុរាណបានទូន្មានថា “បុគ្គលអ្នកខ្ចិលច្រអូស មិនគប្បីខឹងនឹងអ្នកមានសេចក្តីព្យាយាមឡើយ”។ មែនទែនទៅពាក្យទូន្មានអាចប្រើបានផល តែលើបុគ្គលមានសម្បជញ្ញៈប៉ុណ្ណោះ។ ចំពោះមនុស្សអវិជ្ជា ហើយមានះ នឹងមិនមានអ្វីអាចជួយកែប្រែបានឡើយ។ គួរកត់សម្គាល់ថា មុនមានការត្រាស់ដឹងរបស់ព្រះពុទ្ធ ក៏មានមនុស្សចរិតមារ ក្នុងអំឡុងព្រះពុទ្ធត្រាស់ដឹងក៏មាន ហើយក្រោយពេលព្រះពុទ្ធខ្លាចពាក្យរិះគន់ ហើយមិនហ៊ានធ្វើសកម្មភាពដើម្បីស្វែងរកសេចក្តីពិត ប្រាកដជាព្រះអង្គមិនមានឱកាសបានត្រាស់ដឹង និងមិនបានរកឃើញនូវមាគ៌ាដែលជាប្រយោជន៍យ៉ាងធំធេងសម្រាប់មនុស្សជាតិយើងបែបនេះឡើយ។
ជំងឺដេកកណ្តាល គឺការចំណាយកម្លាំងតតាំងគ្នាទៅរកគោលដៅមួយ ដែលពុំបាននាំគុណប្រយោជន៍ជូនសង្គមជាតិ។ ការស្វែងរករវាងឈ្នះ និងចាញ់ នៅក្នុងរឿងឥតប្រយោជន៍ ទោះបីបានឈ្នះ ឬចាញ់ គឺសុទ្ធតែឥតប្រយោជន៍ទាំងអស់។ ប្រយោជន៍រមែងកើតចេញពីអំពើដែលឈរនៅលើស្មារតីទទួលខុសត្រូវ និងនៅក្នុងអារម្មណ៍មួយ ដែលប្រាថ្នាចង់បាននូវការរីកចម្រើនរួមគ្នា។ ប៉ុន្តែ បើមនុស្សរវល់យកពេលវេលាមកប្រើសម្រាប់ការឈ្លោះទាស់ទែងគ្នា នោះគេប្រាកដជាគ្មានពេលវេលាប្រើប្រាស់ដើម្បីកសាងគុណប្រយោជន៍ លទ្ធផលរបស់វាក៏មិនមែនជាទីគាប់ចិត្តដែរ។
ចំណែកអ្នកដែលកំពុងធ្វើសកម្មភាពដើម្បីជួយដល់សង្គមទោះជាមានបញ្ហាច្រើនយ៉ាងណាក្តី ក៏មិនត្រូវអស់សង្ឃឹមទេ។ លោកអ្នកប្រាជ្ញបានលើកទឹកចិត្តយើងថា “បុគ្គលដែលធ្វើការល្អ ដើម្បីប្រយោជន៍សាធារណៈជន មិនគប្បីប្រកាន់ខឹង ចងគំនុំនឹងជនអាក្រក់ឡើយ។ ទុកណាជាជននោះពោលបង្ខុស ឬដាក់ទណ្ឌកម្មណាក៏ដោយ ដូចពន្លឺព្រះអាទិត្យបើទុកជាពពកបាំងជិត ក៏គង់មានពន្លឺខ្លះអាចចាំងមកបំភ្លឺមនុស្សបានដែរ”។ សេចក្តីព្យាយាមលើភាពត្រឹមត្រូវ មិនដែលនាំរឿងខកចិត្តដល់យើងនោះទេ។ ផ្ទុយទៅវិញ វាមានតែនាំយកនូវក្តីសោមនស្ស និងកេរ្តិ៍ឈ្មោះល្អមកឱ្យយើងថែមទៀតផង។ ដូច្នេះចូរប្រឹងប្រែងឡើង!

ដកស្រង់​ចេញ​ពី​សៀវភៅ​៖ សត្រូវ​ទី​១

ចេះហួស?         មនុស្សយើងកាលណាយល់យ៉ាងច្បាស់លាស់ថា ខ្លួនឯងមិនចេះ តែងស្រវាស្រទេញប្រឹងប្រែងរៀនសូត្របន្ថែមទៀត ទោះបីលំបាកយ៉ាង...
25/08/2022

ចេះហួស?
មនុស្សយើងកាលណាយល់យ៉ាងច្បាស់លាស់ថា ខ្លួនឯងមិនចេះ តែងស្រវាស្រទេញប្រឹងប្រែងរៀនសូត្របន្ថែមទៀត ទោះបីលំបាកយ៉ាងដូចម្តេចក្តី ក៏មិនបោះបង់សេចក្តីព្យាយាម វិស័យដូចមនុស្សឈឺដែលចង់ជាពីជំងឺ ទើបខំប្រឹងប្រែងលេបថ្នាំទាំងល្វីងរហូតទាល់តែជាសះស្បើយ។ គុណសម្បត្តិនៃការទទួលស្គាល់សេចក្តីពិត គឺជាការរកឃើញនូវវិធីកែប្រែដែលមានប្រសិទ្ធភាព និងចំគោលដៅ។ ម្ល៉ោះហើយ ទើបនៅក្នុងសាសនាព្រាហ្មណ៍មានជំនឿមួយថា “ទីណាមានសច្ចភាព ទីនោះមានជ័យជម្នះ”។ បានន័យថា ការគេចវេះពីសេចក្តីពិត ឬមិនហ៊ានទទួលស្គាល់សេចក្តីពិត ក៏ជាមូលហេតុដែលអាចនាំបុគ្គលឆ្ពោះទៅរកការបរាជ័យមួយដែរ។ សេចក្តីព្យាយាមចំពោះការរៀនសូត្រ គឺជាឥរិយាបថមួយដែលអ្នកផងទាំងឡាយតែងតែលើកសរសើរ។ ប៉ុន្តែ មានតែបុគ្គលដែលយកការចេះដឹងបានមកពីសេចក្តីព្យាយាមខាងដើមនោះ ទៅបម្រើប្រយោជន៍សាធារណៈប៉ុណ្ណោះ ទើបអាចស្ថិតនៅក្នុងការចងចាំរបស់មនុស្សគ្រប់គ្នាជាអមតៈ។ ការចេះដឹងដែលមិនបម្រើប្រយោជន៍សាធារណៈតែងឱ្យគុណវិបត្តិត្រលប់មកវិញ ដូចអាហារដែលមិនរលាយតែងឱ្យទោសដល់សុខភាព។
ខ្ញុំបាននិយាយអំពីគុណសម្បត្តិនៃការទទួលស្គាល់សេចក្តីពិតចំពោះខ្លួនឯង ដែលជាគុណសម្បត្តិដ៏គាប់ប្រសើរបំផុតសម្រាប់ឥរិយាបថអ្នករៀនសូត្រ។ ខ្ញុំនិយាយបែបនេះពុំមែនមានន័យថា ខ្ញុំបានចេះដឹងលើសគេនោះទេ បើធៀបនឹងមនុស្សទូទៅនៅក្នុងសង្គមរបស់យើង មានមនុស្សច្រើនណាស់បានរៀនសូត្រខ្ពង់ខ្ពស់ និងគួរទទួលបាននូវការគោរព។ ខ្ញុំក៏បានមើលឃើញដូចអ្នកឯទៀតៗដែរ អំពីតម្លៃនៃការចេះដឹងរបស់មនុស្សនៅក្នុងសង្គម ព្រោះផលដែលកើតចេញពីមនសិការ និងសម្បជញ្ញៈរបស់ជនទាំងនោះ តែងនាំមកនូវគុណប្រយោជន៍យ៉ាងធំធេងជូនសង្គមជាតិ។ បុគ្គលខ្លះចេះដែរ តែមិនដឹង ទើបត្រូវខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត រហូតអាចជម្រះគ្រឿងសៅហ្មងនៅក្នុងចិត្តបានខ្លះផង និងបានចូលរួមកាត់បន្ថយបញ្ហានៅក្នុងសង្គមផង។ ឥរិយាបថបែបនេះ ទោះបីមិនបានកសាងគុណប្រយោជន៍ច្រើនដូចម្តេចក្តី ក៏នៅតែគ្រាន់បើជាងជនដែលបានរៀនសូត្រខ្ពង់ខ្ពស់ ហើយចេះហួសដល់ថ្នាក់មិនដឹងថា ជាតិខ្លួនក្រព្រោះអ្វី? តើសេចក្តីចេះដឹងបែបនេះ អាចហៅថាចោលម្សៀតបានដែរឬទេ?
ចេះដឹងគឺជាលម្អដ៏គាប់ប្រសើរបំផុតសម្រាប់ជីវិតរបស់មនុស្សយើងគ្រប់គ្នា ក៏ប៉ុន្តែ គេមិនត្រូវប្រឹងស្រូបយកតែចំណេះដឹងដោយមិនបានយកទៅជាមួយនូវគុណធម៌ សីលធម៌ និងឧត្តមគតិឡើយ។ មែនទែនទៅ កម្រិតសិក្សាមិនអាចបង្កើតគុណតម្លៃដូចលទ្ធផល ដែលបុគ្គលបានផ្តល់ទៅឱ្យសង្គមនោះទេ។ ការចេះដឹងហួសរហូតភ្លេចអស់អ្វីៗ ដែលជាករណីយកិច្ចរបស់ខ្លួន ពុំមែនជាឥរិយាបថត្រឹមត្រូវសម្រាប់អ្នករៀនសូត្រឡើយ។ កម្មវត្ថុនៃចំណេះដឹង គឺជាការបង្កើតគុណប្រយោជន៍ដល់សង្គម ឬនិយាយម្យ៉ាងទៀតថា កម្មវត្ថុនៃចំណេះដឹង គឺជាចំណេះធ្វើ មួយអន្លើដោយការធ្វើជាគំរូល្អ និងមានទំនួលខុសត្រូវខ្ពស់ចំពោះករណីយកិច្ចរបស់ខ្លួន។ បុគ្គលដែលងប់ងល់ ឬវង្វេងនឹងការចេះដឹងរបស់ខ្លួន ឬបុគ្គលដែលមានអារម្មណ៍ដក់ជាប់ក្នុងអំនួត ដោយបានមកពី ការចេះដឹងរបស់ខ្លួន គឺជាជនដែលបរាជ័យនៅក្នុងជីវិត ពីព្រោះគេមិនអាចយកឈ្នះលើធម្មជាតិរបស់ខ្លួន ដែលពោរពេញទៅដោយគំនិតអសណ្តាប់ធ្នាប់ និងហិង្សា។
ការរៀបរាប់របស់ខ្ញុំខាងលើនេះ ពុំមែនជាគំនិតទុទិដ្ឋិនិយមចំពោះការរៀនសូត្រនោះទេ ក៏ប៉ុន្តែ ខ្ញុំគ្រាន់តែចង់ចូលរួមរំឭកបន្ថែមទៀតថា កុំភ្លេចយកទៅតាមខ្លួននូវវត្ថុពីរយ៉ាង គឺមនសិការ១ និងសម្បជញ្ញៈ១ ចូលទៅក្នុងដំណើររៀនសូត្ររបស់យើង។ កាលណាមានវត្ថុទាំងពីរយ៉ាងនេះនៅជាប់នឹងខ្លួន ទោះបីមិនបានរៀនសូត្រខ្ពង់ខ្ពស់ដូចម្តេចក្តី ក៏បុគ្គលមិនអាចប្រព្រឹត្តខ្លួនទៅក្នុងអំពើបាបកម្មណាមួយឡើយ។ គុណធម៌ដ៏ធំធេងរបស់ជីវិត គឺការបានយល់បានស្គាល់ពីករណីយកិច្ចរបស់ខ្លួន ហើយបានបំពេញដោយក្តីរីករាយនៅក្នុងអារម្មណ៍។ ករណីយកិច្ចរបស់យើងគ្រប់គ្នា ដែលជាសមាជិកនៃសង្គមនេះ គឺការចូលរួមកសាងគុណប្រយោជន៍ និងចូលរួមទប់ស្កាត់កុំឱ្យកើតមាននូវការប្រព្រឹត្តនូវអំពើបាបកម្មទាំងឡាយ។ ខ្ញុំសង្ឃឹមថា សេចក្តីរៀបរាប់ទាំងអស់នេះ នឹងមិនមែននិយាយចោលដោយឥតអំពើនោះទេ ប៉ុន្តែ ចូរគ្រាន់តែពិចារណា និងទទួលយកតែកន្លែងដែលត្រឹមត្រូវទៅបានហើយ ឯកន្លែងដែលខុស ទុកឱ្យខ្ញុំជាអ្នកទទួលយកតែម្នាក់ឯងចុះ។

ដកស្រង់​ចេញ​ពី​សៀវភៅ​៖ សត្រូវ​ទី​១

ចិត្តស្រាល         ក្នុងមួយឆាកជីវិតបើយើងមានចិត្តស្រាលពេក ប្រាកដជាពុំសូវសម្បូរមិត្តមិនខាន ហើយផ្លូវចិត្តក៏មិនងាយនឹងបានសប្ប...
25/08/2022

ចិត្តស្រាល
ក្នុងមួយឆាកជីវិតបើយើងមានចិត្តស្រាលពេក ប្រាកដជាពុំសូវសម្បូរមិត្តមិនខាន ហើយផ្លូវចិត្តក៏មិនងាយនឹងបានសប្បាយផងដែរ។ យើងអាចពង្រីកការរាប់អានបាន តាមរយៈការនិយាយឱ្យពីរោះ ចេះស្តាប់គេនិយាយ ចេះសរសើរឱ្យស្មើ ឬលើសការទិតៀនរិះគន់ ហើយនិយាយរឿងខ្លួនឯងឱ្យតិចបំផុត។ ប៉ុន្តែមនុស្សមានចិត្តស្រាលមិនអាចដាក់ខ្លួនឱ្យឈរនៅលើចំណុចនេះបានទេ គេរមែងធ្វើផ្ទុយពីចំណុចទាំងអស់នេះរួចហើយតាំងគិតថា ពិភពលោកចំជាអយុត្តិធម៌ចំពោះរូបគេខ្លាំងណាស់។
តាមធម្មតាមនុស្សចិត្តស្រាលងាយខឹង ហើយក៏ងាយបាត់ឥរិយាបថបែបនេះហាក់ដូចជាមានគុណវិបត្តិចិត្តតិចតួចប៉ុណ្ណោះ។ មែនហើយ! គុណវិបត្តិមានមិនច្រើនទេ ក៏ប៉ុន្តែចំពោះរឿងធ្វើប្រយោជន៍ បើមិនគិតពីចំណុចនេះ គឺមិនបានឡើយ។ ព្រោះថាគ្មានមនុស្សណាអាចធ្វើការធំដុំបានទេ បើគេប្រាសចាកនូវការអត់ធន់ និងសេចក្តីព្យាយាមប្រឹងប្រែងយូរអង្វែង។ គុណសម្បត្តិនៃសេចក្តីព្យាយាមប្រឹងប្រែង ពិបាកកើតមានចំពោះបុគ្គលដែលមានចិត្តស្រាលខ្លាំងណាស់ ព្រោះគេមិនអាចរក្សាបានសូម្បីតែអារម្មណ៍ខឹង ស្អប់ និងស្រលាញ់ដែលជារបស់នៅជាប់នឹងខ្លួនគេផងនោះ។
មនុស្សយើងកាលណាមានចិត្តស្រាលខ្លាំងពេក បើទុកជាបានរៀនសូត្រច្រើនយ៉ាងណាក្តី ក៏មិនអាចធ្វើឱ្យតម្លៃនៃការអប់រំប្រែទៅជាមានន័យសម្រាប់ជីវិតនោះឡើយ។ ព្រោះថា ការសម្រេចចិត្តលឿនពេក ស្រលាញ់លឿនពេក ស្អប់លឿនពេក សុទ្ធតែជាគុណវិបត្តិ ហើយជះឥទ្ធិពលយ៉ាងខ្លាំងក្លាចំពោះដំណើរហូរទៅនៃជីវិតនាពេលអនាគតទៀតផង។

ដកស្រង់​ចេញ​ពី​សៀវភៅ​៖ សត្រូវ​ទី​១

ត្រណមអ្នកញៀនល្បែង         ល្មោភឈ្នះមិនស្គាល់ចាញ់ គឺជាត្រណមរបស់អ្នកញៀនល្បែង តែគ្រប់អ្នកលេងល្បែងសុទ្ធតែបានដឹងថា ខ្លួនមិនអា...
24/08/2022

ត្រណមអ្នកញៀនល្បែង
ល្មោភឈ្នះមិនស្គាល់ចាញ់ គឺជាត្រណមរបស់អ្នកញៀនល្បែង តែគ្រប់អ្នកលេងល្បែងសុទ្ធតែបានដឹងថា ខ្លួនមិនអាចលេងឈ្នះរហូតនោះទេ គឺរមែងមានឈ្នះ មានចាញ់ជារឿងធម្មតា។ ប៉ុន្តែអ្នកញៀនល្បែង ឬខ្មោចល្បែង តែងមានលេសពិសេសៗដើម្បីការពារខ្លួនជានិច្ច ទោះចាញ់រហូតដល់រលាយអស់ទ្រព្យពីខ្លួនយ៉ាងដូចម្តេចក្តី ក៏មិនអាចធ្វើឱ្យគេបាក់មុខ បាក់មាត់បានឡើយ។ មែនទែនទៅការបង្កើតទស្សនៈវិជ្ជមានចំពោះខ្លួនឯងដូចអ្នកញៀនលេងល្បែង ដែលរំពឹងតែរឿងឈ្នះ គឺជាគុណវិបត្តិមួយដ៏ធំនៅក្នុងឆាកជីវិតរបស់មនុស្ស។ គេនឹងមិនមានឱកាសបានរៀនសូត្រ និងសម្លឹងមើលចំណុចខ្សោយរបស់ខ្លួន ហើយក៏មិនបានកែប្រែឱ្យទៅជាល្អប្រសើរឡើយ។ មានម្តងនោះ ឆាវឆាវ ព្រោះតែញៀននឹងជ័យជម្នះរបស់ខ្លួនហួសហេតុពេក ក៏កើនអំនួត មិនស្គាល់ចាញ់ ចុងក្រោយត្រូវទទួលមេរៀនបរាជ័យមួយយ៉ាងជូរចត់បំផុត។ មនុស្សយើងមានធម្មជាតិខុសៗគ្នា ហើយចំណងចំណូលចិត្តក៏ខុសគ្នាដែរ។ ខ្ញុំបានរៀបរាប់ខាងលើអំពីអ្នកញៀនល្បែង ប៉ុន្តែមានរឿងច្រើនណាស់បានធ្វើឱ្យមនុស្សយើងញៀនទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។ អ្នកខ្លះញៀននឹងការបង្កជម្លោះពីព្រោះពួកគេមានលេសច្រើនដូចខ្មោចល្បែងដែរ។ បើឈ្លោះឈ្នះគេមានហេតុផលនឹងបង្ហាញប្រាប់មនុស្សឯទៀតៗ ថាខ្លួនគេជាមនុស្សខ្លាំង បើឈ្លោះចាញ់វិញ គេនៅសល់ស្នៀតមួយទៀត គឺយំរំអួយប្រាប់អ្នកផងទាំងឡាយថា ខ្លួនគេចាញ់ព្រោះត្រូវគ្នាច្រើនធ្វើបាបគ្នាតិច។ ប៉ុន្តែធាតុពិតគេជាមនុស្សញៀននឹងការបង្កជម្លោះ និងរងគ្រោះព្រោះតែអំពើខ្លួនឯងទេតើហ៍។ ការស្វែងរកសេចក្តីសុខមកឱ្យខ្លួនឯង មិនអាចកើតចេញពីចរិតច្រឡើសបើស និងការចូលចិត្តបង្កជម្លោះនោះទេ។ ប្រសិនបើយើងធ្វើបែបនេះ គឺជាការធ្វើខុសឆ្គងខាងផ្នែកសីលធម៌ផង និងប្រាសចាកពីការទូន្មានរបស់សាសនាក្នុងលោកផង។
ពិតមែនហើយ “សន្តិភាពពិតប្រាកដ តែងបានមកដោយការធ្វើសង្គ្រាម”។ ប៉ុន្តែអ្នកធ្វើសង្គ្រាមដើម្បីសន្តិភាព មិនមែនជាមនុស្សចូលចិត្តបង្កជម្លោះនោះទេ ពីព្រោះគេចាត់ទុកសង្គ្រាមជាជម្រើសចុងក្រោមប៉ុណ្ណោះ។ ចំណែកឯមនុស្សចូលចិត្តបង្កជម្លោះ មិនមែនជាមនុស្សស្រលាញ់សន្តិភាពឡើយ។ អ្នកដែលរងគ្រោះខ្លាំងជាងគេ គឺជារូបគេខ្លួនឯង ដ្បិតមិនអាចស្វែងរក សេចក្តីសុខដាក់ខ្លួន និងបង្កបញ្ហាដល់អ្នកដទៃថែមទៀត។ ខ្មែរយើងទូន្មានថា “ល្បែងតែវិនាស”។ ដូច្នេះ ការយកសេចក្តីសុខខ្លួនឯងទៅធ្វើជាក្រយាតំណាំង ហើយការចាត់ទុកការបង្កជម្លោះដូចជាល្បែង និងយកត្រណមរបស់អ្នកញៀនល្បែងមកដាក់ក្នុងចិត្ត គឺជាកំហុសឆ្គងធំណាស់។ ដឹងថាជីវិតខ្លីយ៉ាងនេះហើយមនុស្សយើងគួរតែនាំគ្នាធ្វើអំពើណាជាគុណប្រយោជន៍ឱ្យបានច្រើន ក្រែងពេលស្គាប់ទៅបាននៅសល់កេរ្តិ៍ឈ្មោះល្អខ្លះសម្រាប់មនុស្សជំនាន់ក្រោយទៀត។ មែនទែនទៅ ជនដែលចូលចិត្តបង្កជម្លោះ ឬញៀននឹងល្បែងបង្កជម្លោះ គឺជាមនុស្សទន់ខ្សោយទេ ពីព្រោះគេមិនអាចគ្រប់គ្រងលើសម្បជញ្ញៈរបស់ខ្លួនផង និងបណ្តោយឱ្យចិត្តអសណ្តាប់ធ្នាប់ផង។ ប្រវត្តិសាស្រ្តជាច្រើនបាននិយាយថា “ជនដែលទន់ខ្សោយ មិនអាចសម្រេចសន្តិភាពបានទេ”។ បានន័យថា គេមិនមានសូម្បីតែសមត្ថភាពយកឈ្នះខ្លួនឯង វិស័យដូចអ្នកញៀនល្បែងតែងចុះចាញ់ចិត្តលោភលន់ និងបណ្តោយឱ្យខ្លួនឯងកសាងតែអំពើអកុសល។
ដូច្នេះមិនត្រូវធូររលុងចំពោះខ្លួនឯង ហើយបណ្តោយឱ្យចិត្តអកុសលរង់ចាំវាយតម្លៃរាល់សកម្មភាពអ្នកដទៃច្រើនជាងខ្លួនឯងនោះទេ។ មនុស្សយើងកាលណាមិនមានគំនិតធូររលុងចំពោះខ្លួនឯងហើយមានចិត្តទូលាយ គឺមានន័យថាចេះស្រលាញ់ខ្លួនឯងត្រូវផ្លូវផង និងយល់ពីសារសំខាន់នៃទង្វើរបស់ខ្លួនចំពោះអ្នកដទៃផង។ នៅពេលចេញផុតពីខ្លួនឯង យើងប្រាកដជាបានឆ្លងទៅដល់ដំណាក់មួយទៀត ដែលអាចកសាងគុណប្រយោជន៍ជូនសង្គមជាតិមិនខានឡើយ។

ដកស្រង់​ចេញ​ពី​សៀវភៅ​៖ សត្រូវ​ទី​១

បញ្ហាសតិអារម្មណ៍របស់យុវជនសព្វថ្ងៃ         តាមធម្មតាយុវជនតែងមានអារម្មណ៍ចំពោះខ្លួនឯងថា “ខ្ញុំក៏គ្រាន់បើដែរ” ជារឿយៗអារម្មណ៍...
24/08/2022

បញ្ហាសតិអារម្មណ៍របស់យុវជនសព្វថ្ងៃ
តាមធម្មតាយុវជនតែងមានអារម្មណ៍ចំពោះខ្លួនឯងថា “ខ្ញុំក៏គ្រាន់បើដែរ” ជារឿយៗអារម្មណ៍បែបនេះ មិនជួយដល់គេ ក្នុងការអភិវឌ្ឍសមត្ថភាព និងការកសាងបុគ្គលិកលក្ខណៈឱ្យក្លាយជាមនុស្សពេញលេញ ដែលអាចទទួលខុសត្រូវចំពោះជោគវាសនាប្រទេសជាតិរបស់ខ្លួននៅថ្ងៃអនាគតឡើយ។ អារម្មណ៍ដែលគិតថា “ខ្ញុំក៏គ្រាន់បើដែរ” ជាគុណវិបត្តិនៃការមិនបានអប់រំសីលធម៌ និងការមិនបានបង្កើតនូវគំរូភាពល្អៗពីមនុស្សចាស់។ អារម្មណ៍បែបនេះ បានក្លាយជាជំងឺសតិអារម្មណ៍យ៉ាងធ្ងន់ធ្ងរមួយចំពោះយុវជន និងការរាំងស្ទះដល់ដំណើរប្រព្រឹត្តទៅនៃការរីកចម្រើនរបស់សង្គមជាតិ។ ព្រោះអ្វី? ព្រោះវាជាជំងឺមួយដែលធ្វើឱ្យយុវជនលែងចង់ប្រឹងប្រែងរៀនសូត្រផង និងមិនចេះសាមគ្គីគ្នាផងព្រោះតែអារម្មណ៍គិតថាអស្ចារ្យរៀងៗខ្លួនផង។
ធម្មជាតិរបស់មនុស្សកាលណាគេយល់ថា “ខ្លួនគេក៏គ្រាន់បើដែរ” គេប្រាកដជាមិនខិតខំប្រឹងប្រែងរៀនសូត្រអ្វីបន្ថែមទៀតទេ។ អារម្មណ៍ដែលគិតចំពោះខ្លួនឯងថា គ្រាន់បើដែរនោះ គ្រាន់តែជាផលមួយនៃភាពស្រវឹងអំនួនប៉ុណ្ណោះ។ មែនទែនទៅអារម្មណ៍បែបនេះ គឺជាមេដែកដែលឆក់ទាញយកគុណវិបត្តិ និងភាពឱនថយមកឱ្យយើងសោះ តែក៏មានមនុស្សជាច្រើនមិនព្រមបោះបង់ចោលដោយងាយៗឡើយ។ យុវជនណាដែលមានអារម្មណ៍ចំពោះខ្លួនឯងបែបនេះ គេនឹងចេះត្រឹមតែមេរៀននៃការប្រមាថ និងធ្វើឱ្យខ្លួនឯងឃ្លាតឆ្ងាយពីការរៀនសូត្រប៉ុណ្ណោះ។ កាលណាមនុស្សម្នាក់មានគំនិតស្អប់ខ្ពើមការរៀនសូត្រ តាំងពីពេលរូបគេនៅជាយុវជន ចូរឈប់រំពឹងទុកថា គេអាចនឹងទៅដឹកនាំប្រទេសជាតិឱ្យសោះ ព្រោះថាជីវិតរបស់គេទៅថ្ងៃអនាគតក៏គង់គេចមិនផុតពីបញ្ហាដែរ។
អារម្មណ៍ជាគុណវិបត្តិមួយនេះ បានធ្វើឱ្យយុវជនស្រវឹងនឹងការសរសើរខ្លួនឯង ហើយស្អប់ខ្ពើមចំពោះអ្នកដែលប្រសើរជាខ្លួន។ មួយវិញទៀត វាបានផ្លាស់ប្តូរយុវជនពីអ្នកប្រឹងប្រែងទៅជាអ្នកឈ្នានីស ហើយទីបំផុតទៅ រូបគេផ្ទាល់ក៏គ្មាននៅសេសសល់អ្វីជាដុំកំភួនឡើយ។ កវី គង់ ប៊ុនឈឿន បាននិយាយអំពីគុណវិបត្តិនៃអារម្មណ៍បែបនេះជាកំណាព្យមួយថា “សរសើរខ្លួនឯង សរសើរចុះ តែកុំបន្តុះបង្អាប់គេ ឬមួយខ្លួនអន់មិនដល់គេ ទើបបង្អាប់គេឱ្យទាបជាង?” ការណ៍ដែលយុវជនចេះត្រឹមតែដើរបន្តុះបង្អាប់អ្នកដទៃ គេប្រាកដជាគ្មាននៅសល់អ្វីសម្រាប់ខ្លួនឯងផង និងមិនអាចជួយសង្គមជាតិឱ្យរីកចម្រើនផង។ ម្លោះហើយទើបការអប់រំខ្លះតែចង់ឱ្យយុវជនបន្ថយអំនួតរបស់ខ្លួនឱ្យនៅទាបបន្តិច ឬមិនត្រូវគិតថា ខ្លួនឯងគ្រាន់បើជាងអ្នកដទៃនោះទេ គឺដើម្បីបានសល់ពេលវេលាខ្លះ សម្រាប់អភិវឌ្ឍខ្លួនឯង និងធ្វើជាផ្នែកមួយជួយជួសជុលជំងឺចង្រៃផ្សេងៗដែលកើតមាននៅក្នុងសង្គមជាតិ។
ប្រសិនបើឱ្យយុវជនបិទភ្នែកស្រមៃទៅដល់ទិដ្ឋភាពរបស់សង្គម ដោយអារម្មណ៍ស្ងប់ និងឧត្តមគតិ គេនឹងរៀបរាប់អំពីការប្រើប្រាស់អំណាចខុសច្បាប់ និងការជិះជាន់របស់អ្នកមានអំណាចទៅលើអ្នកទន់ខ្សោយមិនខាន។ រូបភាពនេះគឺជាភស្តុតាងមួយដែលបង្ហាញថា យុវជនត្រូវតែប្រឹងប្រែងរៀនសូត្រ និងខិតខំធ្វើជាមនុស្សល្អ។ ប៉ុន្តែ គ្រាន់តែបានឃើញរូបភាពនៃបញ្ហា និងចាប់ផ្តើមធ្វើសកម្មភាពខ្លះៗជាដំណោះស្រាយ យុវជនរបស់យើងក៏ចាប់ផ្តើមទាមទារគុណសម្បត្តិរបស់ខ្លួនចំពោះសង្គមជាតិបាត់ទៅហើយ។ ការឈ្លោះគ្នា ដើម្បីដណ្តើមគុណសម្បត្តិដែលមាននៅក្នុងក្តីស្រមៃ គឺជាចំណុចចាប់ផ្តើមនៃការបែកបាក់គ្នារបស់អ្នកតស៊ូចំពោះសង្គមជាតិ។ ម្យ៉ាងទៀត អ្នកដែលយល់ថាខ្លួនឯងគ្រាន់បើ នឹងមិនព្រមរួបរួមសាមគ្គីដើម្បីជាកម្លាំងក្នុងការច្បាំងនឹងបញ្ហាឡើយ។ អារម្មណ៍ដែលគិតថា ខ្លួនឯងសំខាន់ ឬអស្ចារ្យ គឺជាបញ្ហាសំខាន់ និងត្រូវការដោះស្រាយឱ្យបានមុនបញ្ហានៅក្នុងសង្គមទៅទៀត ព្រោះថាបញ្ហានេះនឹងក្លាយជាជំងឺដដែលៗនៅក្នុងសង្គមទៅថ្ងៃក្រោយ។
សរុបមក មានរឿងពីរយ៉ាងដែលយុវជនត្រូវធ្វើ គឺប្រឹងប្រែងរៀនសូត្រ១ និងធ្វើជាមនុស្សល្អ១ ទាំងពីរយ៉ាងនេះ គឺជាសេចក្តីត្រូវការធំជាងគេ និងជាកម្មវត្ថុរួមមួយដែលគ្រប់ជាតិសាសន៍ទាំងអស់សុទ្ធតែបានយកចិត្តទុកដាក់។ ត្រូវចាំថា សមត្ថភាព គឺជាវត្ថុសំខាន់ជាងគេដើម្បីធ្វើឱ្យអ្វីៗទាំងអស់បានសម្រេចជោគជ័យ សូម្បីតែមនុស្សអាក្រក់ក៏ត្រូវការសមត្ថភាព ដើម្បីឱ្យភាពអាក្រក់របស់ខ្លួនបានសម្រេចតាមបំណងដែរ។ ដូច្នេះ បើយើងរវល់តែគិតថា “ខ្លួនឯងគ្រាន់បើ” ហើយមិនប្រឹងប្រែងរៀនសូត្រ តើយើងយកអ្វីទៅច្បាំងជាមួយនឹងបញ្ហា? ក្រៅពីសមត្ថភាព ខ្ញុំបានភ្ជាប់គំនិតឱ្យខិតខំធ្វើជាមនុស្សល្អមួយទៀតដើម្បីចៀសវាងមានវិបត្តិបន្ថែមទៀតនៅថ្ងៃក្រោយ។ ដូចបានរៀបរាប់រួចមកហើយថា មនុស្សអាក្រក់មកឱ្យសង្គមជាតិ ឯសមត្ថភាពដែលនៅជាមួយនឹងមនុស្សល្អ ប្រាកដជានាំក្តីសុខសាន្ត និងសន្តិភាពជូនសង្គមជាតិមិនខាន។

ដកស្រង់​ចេញ​ពី​សៀវភៅ​៖ សត្រូវ​ទី​១

ឆ្លាតខូច         ភាពឆ្លាតវៃ ជាអង្គមិនអព្យាក្រឹតនោះទេ ដោយវាតែងតែលម្អៀងទៅរកធាតុដែលវាអាស្រ័យនៅ។ បានន័យថា បើនៅជាមួយមនុស្សខូច...
24/08/2022

ឆ្លាតខូច
ភាពឆ្លាតវៃ ជាអង្គមិនអព្យាក្រឹតនោះទេ ដោយវាតែងតែលម្អៀងទៅរកធាតុដែលវាអាស្រ័យនៅ។ បានន័យថា បើនៅជាមួយមនុស្សខូច វានឹងក្លាយទៅជាធាតុអាក្រក់ បើនៅជាមួយមនុស្សល្អ វានឹងក្លាយទៅជាធាតុប្រសើរ។ ដូច្នេះភាពចាំបាច់ សម្រាប់សង្គមជាតិមួយ ពុំមែនគ្រាន់តែផលិតមនុស្សឱ្យក្លាយទៅជាបុគ្គលឆ្លាតមួយមុខនោះទេ តែត្រូវបង្កើនចំនួនមនុស្សល្អផងដែរ។ ព្រោះថាអ្នកខ្លះឆ្លាតដែរ តែឆ្លាតខាងខូច ឆ្លាតខាងលាក់គំនួច និងឆ្លាតខាងនាំអំពល់ដល់គេឯង រួមទាំងសង្គមដែលគេកំពុងរស់នៅ។ បច្ចុប្បន្ននេះពាក្យថា “មនុស្សឆ្លាត” ត្រូវបានគេយកទៅប្រើយ៉ាងទូលំទូលាយណាស់ ក៏ប៉ុន្តែ គេប្រើសម្រាប់ហៅមនុស្សឆ្លាត ដែលមានធាតុអាក្រក់នៅក្នុងចិត្តប៉ុណ្ណោះ។ មនុស្សឆ្លាតនោះ គឺជាជនដែលចេះបត់បែនតាមស្ថានការណ៍ ចេះកេងប្រវ័ញ្ច ចេះភូតកុហក បោកប្រាស់ ចេះត្បកអង្អែលក្បាលអ្នកធំ អ្នកតូច ចេះសូកលុយទិញសញ្ញាបត្រ និងបន្លំយកខុសជាត្រូវ ល្អជាអាក្រក់...ជាដើម។ល។ ឆ្លាតខាងដើមនេះ គឺឆ្លាតខាងឱនថយប៉ុណ្ណោះ។
ភាពឆ្លាតវៃតែមួយមុខ មិនទាន់គ្រប់គ្រាន់សម្រាប់កសាងសង្គមជាតិមួយឱ្យរីកចម្រើននោះទេ។ ផ្ទុយទៅវិញការយកចិត្តទុកដាក់តែលើភាពឆ្លាតវៃ ដោយមើលរំលងសេចក្តីល្អពីខាងក្នុងនឹងធ្វើឱ្យសង្គមកាន់តែឱនថយមិនខាន។ ប្លាតុង និយាយថា “ភាពល្ងង់ខ្លៅទាំងស្រុងមិនជាអាក្រក់ពេកទេ ហើយវានៅឆ្ងាយពីភាពហួសហេតុទៀតផង។ ឆ្លាតខ្លាំងពេក និងរៀនច្រើនពេកដោយបូកផ្សំជាមួយនឹងការអប់រំមិនល្អផងនោះ វាកាន់តែគ្រោះថ្នាក់ខ្លាំងបំផុត។”
មួយវិញទៀតមនុស្សយើងម្នាក់ៗ គួរតែឆ្លាតដោយឥតល្បិចកល ពោលគឺឆ្លាតខាងសាងកុសលដល់សាធារណជន។ ភាពឆ្លាតវៃនេះ ត្រូវតែកើតចេញពីសន្តានចិត្តខាងក្នុង និងគួរតែត្រូវបានបណ្តុះតាំងពីនៅក្មេងវ័យមកម៉្លេះ...។ បច្ចុប្បន្ននេះសន្តានចិត្តរបស់មនុស្សបានឃ្លាតឆ្ងាយពីគន្លងនៃសេចក្តីល្អច្រើនណាស់។ ម្លោះហើយទើបសង្គមជាតិនានានាំគ្នាបង្កើតច្បាប់នេះ ច្បាប់នោះ ទុកសម្រាប់បង្រ្កាបជនអកុសលទាំងនោះ។ យោងតាមគំនិតរបស់ប្លាតុង “មនុស្សល្អមិនត្រូវការច្បាប់សម្រាប់ប្រាប់ពួកគេឱ្យប្រព្រឹត្តអំពើណាមួយដែលប្រកបដោយការទទួលខុសត្រូវនោះទេ” ដែលក្នុងន័យនេះ យើងអាចមើលឃើញដោយជាក់ស្តែងថា ការធ្លាក់ចុះចំនួនមនុស្សល្អនៅក្នុងសង្គមកាន់តែកើនឡើងខ្លាំងបំផុត។

ដកស្រង់​ចេញ​ពី​សៀវភៅ​៖​ សត្រូវ​ទី​១

អន្ទាក់ជីវិត      មនុស្សជាតិបានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ក្នុងគោលដៅចូលរួមកែលម្អ ដើម្បីឈានទៅរកសុក្រឹតភាពមួយដែលគេហៅថា ...
23/08/2022

អន្ទាក់ជីវិត
មនុស្សជាតិបានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ក្នុងគោលដៅចូលរួមកែលម្អ ដើម្បីឈានទៅរកសុក្រឹតភាពមួយដែលគេហៅថា “គុណធម៌ជីវិត” ។ ការបញ្ចេញយោបល់ គឺជាកិច្ចការសាមញ្ញ តែអស្ចារ្យ ហើយក៏ជាផ្នែកមួយដ៏សំខាន់នៅក្នុងចំណែកនៃការរីកចម្រើនរបស់មនុស្សជាតិ។ ទោះបីមតិខ្លះបានអូសទាញមនុស្សនៅក្នុងសង្គមឱ្យឆ្ពោះទៅរកការបែកបាក់មួយអន្លើដោយការប្រមាថ ហិង្សា និងការបែងចែកជាពួកបក្សយ៉ាងដូចម្តេចក្តី ក៏នៅតែមានមតិខ្លះកាន់ចរិតបម្រើឱ្យគំនិតសាមគ្គី និងរួបរួមមនុស្សជាធ្លុងមួយជួយដល់សង្គមជាតិផងដែរ។ អ្វីដែលមិនសំខាន់ គឺការមិនបណ្តោយខ្លួនឱ្យលង់ជាប់ស្អិតទៅក្នុងគំនិតបាបកម្មណាមួយ ដែលជារឿយៗគំនិតបាបកម្មច្រើនតែជាអន្ទាក់ទាញមនុស្សឱ្យងប់ងល់ទៅលើអំពើអកុសលផង និងជាគ្រឿងរារាំងដល់ការរីកចម្រើនរបស់សង្គមផង។ យោងតាមគំនិតនៅក្នុងការអប់រំរបស់ព្រះពុទ្ធសាសនា បានកំណត់នូវវត្ថុបីយ៉ាងថាជាអន្ទាក់ចងជីវិតរបស់មនុស្សយើង គឺទោសៈ១ មោហៈ១ និងលោភៈ១ ដែលរបស់ទាំងបីយ៉ាងនេះ តែងធ្វើឱ្យមនុស្សយើង បានប្រព្រឹត្តខ្លួនចូលទៅក្នុងគន្លងមួយមិនសូវពេញជាមនុស្ស។
ដើម្បីជាប្រយោជន៍ដល់ការរើបម្រះចេញពីអន្ទាក់នៃជីវិតតោងយើងខិតខំដុសខាត់ចិត្តដោយវិជ្ជាជាប្រចាំ។ លោកអ្នកប្រាជ្ញបានទូន្មានថា “បុគ្គលមិនគប្បីគិតថា ខ្លួនមានបញ្ញាតិច ហើយលះបង់ការរៀនសូត្រចោលដោយខ្លាចភ្លេចមិនបានចម្រើនតទៀតនោះទេ”។ វិជ្ជា ជាអវុធកម្ចាត់អវិជ្ជា ដូច្នេះ ចូរខំប្រឹងប្រែងរៀនសូត្រ មួយអន្លើដោយការស្តាប់ និងការអាន ហើយកិច្ចការនេះមិនមែនធ្វើឡើងដោយឥតអំពើឡើយ។ កាលណាបុគ្គលបានបំពេញយូរៗទៅ គង់នឹងបានជ្រួតជ្រាបដល់ជម្រៅវិស័យដូចទឹកដែលស្រក់ម្តងមួយដំណក់ៗ រហូតទាល់តែអាចបំពេញក្អមដ៏ធំបាន។ មែនទែនទៅ មានគ្រឿងឧបមាច្រើនណាស់ដែលបម្រើដល់ការអប់រំមនុស្សដើម្បីបានជាប្រយោជន៍ក្នុងការទូន្មានខ្លួនឱ្យគេចចេញពីអន្ទាក់នៃអំពើបាបកម្មទាំងឡាយ។ ប៉ុន្តែសព្វវិជ្ជាក្នុងលោកមិនដែលកើតមានដល់បុគ្គលណាគ្មានសេចក្តីព្យាយាមនោះទេ ហើយកាលណាបុគ្គលមិនមានវិជ្ជា គេក៏មិនមានសុភមង្គលដែរ។

ដកស្រង់​ចេញ​ពី​សៀវភៅ​៖ សត្រូវ​ទី​១

ចិត្តចង្អៀត?      ប្រសិនបើយើងមិនអាចសូម្បីតែញញឹម ដើម្បីអបអរចំពោះជោគជ័យរបស់អ្នកដទៃ នោះមិនចាំបាច់ស្វែងរកមនុស្សដែលថ្លៃថ្នូរន...
23/08/2022

ចិត្តចង្អៀត?
ប្រសិនបើយើងមិនអាចសូម្បីតែញញឹម ដើម្បីអបអរចំពោះជោគជ័យរបស់អ្នកដទៃ នោះមិនចាំបាច់ស្វែងរកមនុស្សដែលថ្លៃថ្នូរនៅត្រង់ថា ចេះឱ្យតម្លៃលើគំនិត និងភាគជោគជ័យរបស់អ្នកដទៃ ដែលអាចស្តែងចេញដោយមិនជាប់ពាក់ព័ន្ធនឹងចំណងមិត្តភាព។
ការមើលឃើញផ្នែកល្អនៅក្នុងទង្វើ និងលទ្ធផលរបស់អ្នកដទៃជាគុណធម៌មួយសម្រាប់ជីវិតរបស់យើងម្នាក់ៗ។ ជ្រុងមួយនៃព្រហ្មវិហារធម៌គឺ “មុទិតា” សំដៅដល់ការរីករាយនៅពេលឃើញអ្នកដទៃបានសុខ និងជោគជ័យ។ ប្រសិនបើមិនអាចរីករាយនៅពេលឃើញគេបានសុខទេ ក៏មិនគួរចំអកឡកឡឺយ នៅពេលគេចួបគ្រោះថ្នាក់អកុសលឡើយ។
ឥរិយាបថរបស់យើងកើតចេញពីផលនៃគំនិត។ គំនិតរប៉ិលរប៉ូច ដែលភាគច្រើនបង្កប់នូវភាពឈ្នានីស គុំកួន ដោយសារតែរចនាសម្ព័នចិត្តស្ថិតក្នុងភាពអនាធិបតេយ្យ។ គំនិតដ៏សាមញ្ញដែលផុសចេញពីការគិតរបស់យើងក្នុងថ្ងៃនេះ អាចលើកស្ទួយយើងឡើងទៅកាន់វេទិកាកិត្តិយស ឬនាំយើងទៅកាន់មន្ទីរវិកលចរិត ឬក៏នាំយើងទៅកាន់មន្ទីរឃុំឃាំងបាន ហើយក៏បានឆ្លុះបញ្ចាំងពីគុណតម្លៃរបស់យើងក្នុងពេលជាមួយគ្នានេះដែរ។

ដកស្រង់​ចេញ​ពី​សៀវភៅ​៖សត្រូវ​ទី​១

Address

Siem Reap
12345

Website

Alerts

Be the first to know and let us send you an email when Cheas Pet-ជាស ពេទ្យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category